លោក កែវ អង្កា​ម និង លោក ណុប សំអាន ទំនង អាង លោក គុណ ញឹម អគ្គនាយក​គយ​នៅ​ពី​ក្រោយ​ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការស៊ើបអង្កេត​

សេចក្តីរាយការណ៍​នៅ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ទទួលស្គាល់​ថា​បាន​ឡើង​តាម​ទូក​ពី​ប្រទេស​ថៃ​មក ចូល​ចត​នៅ​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ​និង​មាន​ទំនិញ​មួយចំនួន​ទៀត​បង់ពន្ធ​នាំ​ចូល​ដែរ ប៉ុន្តែ​បង់ពន្ធ​មិន គ្រប់​និង​ក្លែងភេទ​ទំនិញ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​មក​បង់​ពន្ធ​ជា​ទំនិញ​បង់ពន្ធ​នាំចូល​ទាប ហើយ​មិន​គ្រប់ ចំនួន​ទៀត​ផង ។​

​អំពើ​រត់ពន្ធ​ទំនិញ​ទាំងនេះ បង្កើតឡើង​ដោយ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់ រលក សហការ​ជាមួយ​លោក កែវ អង្កា​ម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក​ជា​មេខ្លោង​បើកភ្លើង​ខៀវ​ឲ្យ ទំនិញគេចពន្ធ​ហូរ​ចូល​ជាមួយ​និង​ទង្វើ​ដ៏​មិន​គម្បី​តាមរយៈ​ការគាបសង្កត់​ឈ្មួញ​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត​សុទ្ធតែ​ជា​ចំណូល​នៃ​ប្រភព​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​មេ​គយ​ទាំង​២​រូប បក្ខពួក​ដោយ​គ្រាន់តែ​លោក ណុប សំអាន និង លោក កែវ អង្កាម​អាច​ប្រមូល​ប្រភព​សេដ្ឋ​កិច្ឋ​ទាំងនេះ​យក​ទៅ​បំពេញ​តម្រូវកា​រ​ថ្នាក់លើ ។​

​ក្រុម​ឈ្មួញ​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា ទាំង​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់ រលក និង លោក កែវ អង្កាម​គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់​រលក​បាន​បង្ខំ​ឲ្យ​ឈ្មួញ​បង់ប្រាក់​ជា​ច្រើន​ដំណាក់កាល​ទី​១-​មេ​គយ​ទាំង​២​រូប បាន​យក​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ នៅ​លើ​ទូក​ដែល​មក​ចត​នៅ​កំពង់ផែ ទី​២-​លោក កែវ អង្កា​ម ក្រុម​គយ​ចល័ត​បាន​គំរាម​និង​តម្រូវ​ឲ្យ​គយ​ប្រចាំការ​នៅ​កំពង់ផែ​ទំនប់រលក ត្រូវ​បង់លុយ មកឲ្យ​ខ្លួន​ក្នុងនាម​គយ​ចល័ត និង​បង់លុយ​ឲ្យ​គយ​ចល័ត​សរុប​រួម ទី​៣-​លោក ណុប សំអាន និង លោក កែវ​អង្កាម បាន​យក​លុយ​ពី​ម្ចាស់​ទំនិញ ដែល​ត្រូវ​លើក​ពី​ទូក​យកមក​ដាក់​លើ​គោក​លើក​ដាក់​រថយន្ត​នោះ ទី​៤-​លោក កែវ អង្កា​ម និង លោក ណុប សំអាន​បាន​យក​លុយ​ពី​ក្រុម​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ ។​

​ឈ្មួញ​បញ្ជាក់ថា បើ​ជា​ទំនិញ​ធម្មតា លោក កែវ អង្កា​ម ផ្នែក​គយ​ចល័ត​បាន​យក​លុយ​ក្នុង​មួយ​រថយន្ត​១៥០ ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​ផ្សេងទៀត​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់ ។ ករណីនេះ លោក កែវ អង្កាម​ដែល​ត្រូវជា​ប្អូនបង្កើត​របស់លោក កែវ សុខ​ឃាង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​អះអាង​ប្រាប់​ឈ្មួញ​ថា​លុយ​បង់​១០០​ផ្សេង​នេះ គឺ​សម្រាប់​ចាត់ចែង​ជូន​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។​

​មន្ត្រី​គយ​បាន​លួច​បង្ហើប​ថា លោក​កែវ អង្កាម​ពុំបាន​ខ្លាចញញើត​អនុវត្តតាម​បទបញ្ជា​របស់​លោក កើត សុធា​រ៉ា​ប្រធាន​គយ​ចល័ត​ទូទាំងប្រទេស និង​ជា​មេ​កើយ​របស់ខ្លួន​ទេ ដោយ​សំអាង​ថា​ខ្លួន​ត្រូវបាន​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ឲ្យមក​ឈរជើង​នៅ​កំពង់ផែ​ទំនប់រលក​នេះ ។​ដូច្នេះ​គាត់​មិន​ត្រូវការ​ស្តាប់​បញ្ជានរ​ណា​ក្រៅពី លោក​បណ្ឌិត គុណ ញឹម​និង​ភរិយា​នោះឡើយ ។

​ក្រៅពី​ឲ្យ​ឈ្មួញ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​១៥០​ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​បុគ្គល​លោក កែវ​អង្កាម​ផ្ទាល់ នៅ​មាន​ភាពមិនប្រក្រតី​ប៉ះពាល់​អា​ម្មណ៍​ឈ្មួញ​រកស៊ី​បង់ពន្ធ​ស្របច្បាប់​យ៉ាងធ្ងន់ធ្ងរ ។​ជាក់ស្តែង​ដូចជា​ករណី​ស្ករស​ជាដើម​…​ទោះជា មាន​ពន្ធ​នាំចូល​ក៏ដោយ ក៏​លោក កែវ អង្កាម​បង្ខំ​បញ្ជា ជំរិត តម្រូវឲ្យ​បង់ព​ន្ធ ក្នុង​មួយ​រថយន្ត​ចំនួន​៣០​ដុល្លារ​សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​២០​ដុល្លារ​បន្ថែមទៀត សម្រាប់​បុគ្គល​ខ្លួន​គាត់​ហើយ​ក៏​ចាត់ទុកថា​ប្រាក់​ទាំងនេះ​ត្រូវ​ចាត់ចែង​ឲ្យ​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ។​

​ដោយឡែក​លោក ណុប សំអាន មិន​ត្រឹមតែ​ឲ្យ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ពី​ទំនិញ​លើ​ទូក​ចត​លើ​ផែ​នោះទេ យក លុយ​ពី​ម្ចាស់​អីវ៉ាន់ យក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​ក្នុង​នោះ​បើ​ឈ្មួញ​ដឹក​ទំនិញ ទោះជា​រត់ការ​បង់​ឲ្យ​មន្ត្រី​របស់​គាត់​និង​រត់ការ​ឯកសារ​រួចរាល់​ក៏ដោយ ក៏​ត្រូវ​បង់​ក្បាល​រថយន្ត​ពេល​ទំនិញ​ដឹក​ចេញពី​កំពង់ផែ​យ៉ាងតិច​ក្នុង​មួយ​រថ យន្ត​៣០០-៥០០​ដុល្លារ ។ មន្ត្រី​បាន​លួច​បង្ហើប​ថា លោក ណុប​សំអាន គាត់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ គាប សង្កត់​ឈ្មួញ​តាម​អំពើ​ចិត្ត​បែប​នេះ​ដោយ​សំអាងថា រាល់​ទំនិញ​ដែល​ចូល​តាម​កំពង់​ផែ​ទំនប់រលក​ភាគច្រើន​គឺ គេចពន្ធ ។​ដូច្នេះ​គាត់​មានឱកាស គាបសង្កត់​ឈ្មួញ​ក៏ដូចជា​ទុក​លទ្ធផល​ភាព​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ តាម​អំពើ​ចិត្ត​ដោយ​គ្រាន់តែ​គាត់​ឲ្យ​កូនចៅ​ដើរ​ប្រមូល​កញ្ចប់​ពី​ឈ្មួញ​ប្រចាំខែ​ឬ​ពី​ការហូរ​ចូល​ទំនិញ​ទាំងនេះ សម្រាប់​ផែនការ​តួលេខ​ប្រចាំខែ​តែប៉ុណ្ណោះ ។​

​បញ្ហា​អំពើ​ពុករលួយ​នៅ​ទំនប់រលក ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​មេ​គយ ណុប សំអាន​ក៏ដូចជា​លោក កែវ អង្កា​ម ខាង​ក្រុម​គយ​ចល័ត​ក៏​ត្រូវបាន​គេ​ទម្លាយ​ក្រុម​ឈ្មួញ​ជា​ជនរងគ្រោះ​ផង និង​អ្នករកស៊ី​គេច​ពន្ធ​ផង មាន​ចំនួន​ច្រើន​នាក់ ។ ក្នុងនោះ​រួមមាន ១-​ឈ្មោះ គា ធី ២-​យា វី ៣-​ចែ រ៉ា ៤-​ណុប​៥-​កូ ៦-​សុខុម ៧-​ហួត និង មាន​ចំនួន​លើសពីនេះ ។​ឈ្មួញ​ទាំងអស់​សុទ្ធតែ​មាន​រថ​យន្ត​ប្រភេទ​យី​ឌុប​ដឹកជញ្ជូន​ទំនិញ ក្នុង​មួយ​ក្រុមហ៊ុនៗ​យ៉ាង​តិច​មួយ​យប់​មាន​២​ទៅ​៥​រថយន្ត ឬ​២០-៣០​គ្រឿង ក្នុង​ឈ្មួញ​នី​មួយៗ ។​ដូច្នេះ​ទំហំ់​នៃ​ចំណូល​កើតឡើង ដោយ​អំពើ​ពុករលួយ ក្រោម​ការគ្រប់គ្រង​ពី​លោក ណុប​សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក និង លោក កែវ អង្កាម​ក្រុម​គយ​ចល័ត​ទទួលបាន​កញ្ចប់​ថវិកា​ខ្មៅ ក្នុង​មួយ​ខែ​រាប់ម៉ឺន រាប់សែន​ដុល្លារ​។​

​ពាក់ព័ន្ធ​ករណី​នេះ​អង្គភាព​គេហទំព័រ​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​បាន​ទេ​ពី​លោក ណុប សំអាន​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក នៅថ្ងៃនេះ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។ ប៉ុន្តែ​លោក កែវ អង្កា​ម ផែ្ន​ក​គយ​ចល័ត​ដែល​ជា​មេខ្លោង​ក្នុង​ការគាបសង្កត់​ឈ្មួញ​ឲ្យ​បង់លុយ បាន​ប្រាប់ សា​ព័ត៌មាន​តាម​ទូរស័ព្ទ យ៉ាង​ដូច្នេះ​ថា «​ចំពោះ​ការលើកឡើង​របស់​ឈ្មួញ​ថា​ខ្ញុំ​យកលុយ យក​កាក់​នោះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ក៏​ខ្ញុំ​មិន អះអាងថា ធ្វើ​ត្រូវ​១០០​ភាគរយ​ដែរ​ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ​មានកូន មាន​មន្ត្រី កូនចៅ​មាន​កងកម្លាំង​សម្រាប់​ធ្វើ​កិច្ចការ​នេះ ដូច្នេះ​ក៏​ត្រូវការ​ខ្លះ​ដែរ​ប៉ុន្តែ​មិន​ដល់​១០០​ភាគរយ​ដូច​គេ​ចោទប្រកាន់​នោះឡើយ ។
​លោក​បន្តថា បើសិន​ជា​ខ្ញុំ​អនុវត្ត​ខុស​ប្រហែល​ជា​ថ្នាក់លើ​មិនឲ្យ​មក​កាន់​ទី​នេះ​ទេ​ដូច្នេះ​កុំ​ជឿ​តាម​ឈ្មួញ ដែល​ចោទប្រកាន់​ថា​យក លុយ​ច្រើន​នោះ​អី​» ៕