​អបអរសាទរ​ខួប​លើក​ទី​១៩ ទិវា​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​! អភិបាល​ខេត្ត​បន្ទាយមានជ័យ រំឭក​គុណ​ដល់​អតីតយុទ្ធជន ដែល​តស៊ូ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​ខេត្ត​បន្ទាយមានជ័យ បាន​រំឭក​គុណ​បងប្អូន​អតីតយុទ្ធជន​ដែល​បាន​ប្រឹងប្រែង​តស៊ូ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ជូន​ជាតិ​មាតុភូមិ ឱ្យ​ទទួលបាន​សុខ​សន្តិភាព​រហូត​បច្ចុប្បន្ន​នេះ​។​

​ប្រធាន​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​ថា ការ​ធ្វើ​ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​អតីតយុទ្ធជន​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​ដំណាក់កាល​ប្រវត្តិសាស្ដ្រ គឺ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី​ការកសាង​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធានា​ឱ្យ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ធកិច្ច និង​សង្គម​ដើម្បី​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ការ​រំឭក​គុណ​បែបនេះ របស់​ឯកឧត្តម អ៊ុំ រាត្រី បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ជាមួយ​ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​មាគ​ម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​ខេត្ត រៀបចំ​អបអរសាទរ​ខួប​លើក​ទី​១៩ ទិវា​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ១២ ឧសភា ២០២៦ ដើម្បី​រំឭក​អំពី​វីរភាព និង​ផ្តល់​កិត្តិយស​ឱ្យ​ស័ក្តិសម​នឹង​គុណ​បំណាច់​របស់​អតីតយុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា ព្រមទាំង​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន និង​និវត្តន៍​ជនកម្ពុជា ទាំង​៩ ស្រុក​-​ក្រុង ផងដែរ​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង ស្រុក​ទាំង​៩ សមាគម​អតីត​យុវជន និង​និវត្ត​ជនកម្ពុជា និង​អ្នកពាក់ព័ន្ធ​ជាង​៣០០​នាក់​។​

​ឯកឧត្តម ប្លែក វ៉ា​រី បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​។​

​ពិធី​រៀប​ចំ​ពិធី​នេះ​គឺជា​ការ​រំឭក​យ៉ាង​ច្បាស់​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិ​ចំពោះ​វីរភាព​របស់​អ្នក​ដែល​បាន​បម្រើ​ជាតិ និង​ធានា​ថា​ស្មារតី​នៃ​ការស្វែងរក​សន្តិភាព នៅតែ​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​និរន្តរ៍​៕

 

Leave a Reply

Your email address will not be published. Required fields are marked *