​ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​ការរួមចំណែក​លើ​សកម្មភាព​មនុស្សធម៌​រំលែក​ការលំបាក​សម្រាប់​ប្រជាពលរដ្ឋ​ភៀ​សសឹក​

នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​) បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ដ័រសា ណា​ហ្សេ​មី សាល់​មាន ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ដើម្បី​ស្វែងយល់​ពី​កិច្ច​អន្តរាគមន៍​ឆ្លើយតប​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក​។​

​ជំនួប​ពិភាក្សា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អនុប្រធាន (​គ​.​ជ​.​គ​.​ម​), អគ្គលេខាធិការ និង​លោក​ប្រធាន​នាយកដ្ឋាន​។​

​ក្នុងជំនួប​ស្វាគមន៍ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម សូម​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​លោកស្រី ដ័រសា ណា​ហ្សេ​មី សាល់​មាន ព្រម​ទាំង​ការចំណាយ​ពេលវេលា​ចុះ​សិក្សា និង​ពិនិត្យ​ជាក់ស្តែង​កន្លង​មក​របស់​លោកស្រី ដ័រសា ណា​ហ្សេ​មី សាល់​មាន ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ក្នុង​ខេត្ត​ទាំង​៣ រួមមាន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ជាមួយគ្នានេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​ជម្រាប​ទៅ​លោក​ស្រី អំពី​ស្ថានភាព និង​ការអន្តរាគមន៍​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​ចាប់តាំងពី​ពេល​មាន​ជម្លោះ​ព្រំដែន​រហូតមកទល់​ពេលនេះ គឺ​ការដោះស្រាយ​បាន​ធ្វើឡើង​ជា​ជំហានៗ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ​។​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម មានប្រសាសន៍ថា ជាក់ស្តែង ដោយសារ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ភៀស​សឹក​តាម​បណ្តោយ​ព្រំដែន​នៃ​ខេត្ត​ទាំង​៣ រង​ការខូចខាត និង​ខ្លះ​រង​ការបំផ្លិចបំផ្លាញ​ទាំងស្រុង រាជរដ្ឋាភិបាល បាន​សាងសង់​ផ្ទះ​បណ្តោះអាសន្ន​តាមរយៈ​សមា​គម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា រួម​ជាមួយ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង​ជា​ដើម​។​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​អនុវត្ត​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការអន្តរាគមន៍​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទទួល​បាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​ក្នុងនាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម សូម​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ដើម្បី​ធានាបាន​នូវ​ក្របខណ្ឌ​កិច្ច​សហការ​ជួយ​គ្នា​ទៅវិញទៅមក និង​ផ្លាស់ប្តូរ​យោបល់ សំដៅ​រួមចំណែក​ដោះស្រាយ​ការលំបាក​តាមរយៈ​សកម្មភាព​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ភៀ​សសឹក​។​

​ជា​ការឆ្លើយតប លោកស្រី ដ័រសា ណា​ហ្សេ​មី សាល់​មាន ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម បាន​ថ្លែងអំណរគុណ​ចំពោះ​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ក្នុង​ការចែករំលែក​ប​ទ​ពិសោធន និង​ពី​យន្តការ​នានា​ដែល​បាន​អនុវត្ត និង​សម្រេច​ជា​លទ្ធផល​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក​។​

​លោកស្រី ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការអន្តរាគមន៍​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ទាំង​ការសាងសង់​ផ្ទះ ការ​ត​បណ្តាញ​ទឹកស្អាត អគ្គិសនី សាលារៀន និង​ការផ្តល់​ជំនួយ​សង្គម​ជាដើម​។​

​ជា​ចុងក្រោយ លោកស្រី ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម បាន​បន្ថែមថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​ការរួមចំណែក​លើស​កម្ម​ភាព​មនុស្សធម៌​ជាមួយ​រា​រដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា សំដៅ​រំលែក​ការលំបាក​សម្រាប់​ប្រជាពលរដ្ឋ​ភៀ​សសឹក​៕

Leave a Reply

Your email address will not be published. Required fields are marked *