ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ទទួលស្គាល់ថា ខេត្ត​រតនគិរី ពិតជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​

នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក វណ្ណ​ឡា​ល វ៉ូ​ណា បាវិត​លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។​

​ក្នុងជំនួប​នោះ ឯកឧត្តម ញ៉ែម សំអឿន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដែល​បាន​អញ្ជើញ​មក​បំពេញ​បេសកម្ម​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រាបជូន​ពី​សក្តានុពល ដែល​ខេត្តរតនគិរី​មាន ជាពិសេស​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ក្នុង​នោះ​អភិបាលខេត្ត​បាន​បង្ហាញ​ពី​ទីតាំង​អេកូ​ទេសចរណ៍​ជាច្រើន​ជាពិសេស​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ អន្តរជាតិ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា ប្រជាជន​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌា មាន​ទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេស​គឺ​ទំនាក់​ការទូត​ដែលមាន​តាំង​យូរ ធ្វើអោយ​ប្រទេស​កម្ពុជា និង​ឥណ្ឌា កាត់​តែមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ជា​ការឆ្លើយតប​លោក វណ្ណ​ឡា​ល វ៉ូ​ណា បាវិត​លុង បាន​កោតសរសើរ លើ​ភាព​រីកចម្រើន​របស់​ខេត្ត​រតនគិរី ទៅលើ​ការកសាង​បាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

​លោក​ទទួលស្គាល់ថា ខេត្ត​រតនគិរី​ពិតជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ហើយ​ទៅ​ថ្ងៃ​អនាគត​ខេត្ត​រតនគិរី នឹង​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *