​ឯកឧត្តម​បណ្ឌិត ចាយ បូរិន អនុញ្ញាត​ឱ្យ ប្រធាន​តំបន់​អាស៊ី​នៃ​សាសនា​ចក្រ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​ពិភាក្សា​ការងារ​និង​ជម្រាបលា​

(​រាជធានី​ភ្នំពេញ​) នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា អញ្ជើញ​ធ្វើ​សវនាការ ជាមួយ លោក អែល​ដើរ បេន​យ៉ា​មីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធាន​តំបន់​អាស៊ី​នៃ​សាសនា​ចក្រ​និង​សហការី​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​លោក​បញ្ចប់​អាណត្តិ​បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ទីស្តីការក្រសួង​។​

​លោក អែល​ដើរ បេន​យ៉ា​មីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធាន​តំបន់​អាស៊ី​នៃ​សាសនា​ចក្រ បាន​ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី និង​សុំ​អនុសាសន៍ មួយចំនួន​៖
១.​លោក អែល​ដើរ បេន​យ៉ា​មីន អិម ហ្សី តៃ មក​ជម្រាបលា ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ដោយ​ពី​លោក​ត្រូវបាន​បញ្ចប់​អាណត្តិ​បេសកកម្ម​នៃ​ប្រទេស​កម្ពុជា​
២.​អំពី​សំណង់​របស់​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​កសាង​រួច​និង​កំពុង​កសាង​។​
៣.​សូម​ឯកឧត្តម​រដ្ឋមន្ត្រី ណែនាំ​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ឬ​វិញ្ញាប​ត្រដែល​ក្រសួង​ធម្មការ​និង​សាសនា​បាន​ឯកភាព អំពី​ការស្នើរ​សុំ​សាងសង​ព្រះវិហារ​ឬ​ទី​ស្នាក់​ព្រះវិហារ របស់​សាសនា​ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក អែល​ដើរ បេន​យ៉ា​មីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​សាសនា​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ។
​ជាងនេះទៅទៀត លោក សូម​កោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់ ក្រសួង​ធម្មការ​និង​សាសនា ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ចាយ បូរិន ដែល​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ ផ្តល់​នូវ​ភាពកក់ក្តៅ នឹង​រក្សា​នូវ​សុខដុម​នីយកម្ម​សាសនា ស្របទៅនឹង​ច្បាប់ ដែល​មានចែង​ក្នុង​រដ្ឋ​ធ​ម្មនុ​ញ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម​បណ្ឌិត ចាយ បូរិន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​បុិនប្រសព្វ​និងមាន​ចក្ខុវិស័យ​វែងឆ្ងាយរ​បស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​បន្ត​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា គឺ​រក្សា​បាន​សុខ​សន្តិភាព ស្ថេរភាព និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​ទាំង​វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​គួរឱ្យកត់សម្គាល់ ។
​ដោយឡែក​ចំពោះ​សំណង់​អាគារ​ដែល​បាន​សាងសង់​ដោយ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ធ្វើ​ឡើង​ប្រកបដោយ​ស្តង់ដា​ត្រឹមត្រូវ និង​មាន​គុណភាព​ខ្ពស់​។​

​ក្នុង​នោះ​ផង​ដែល ឯកឧត្តម រដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​សិក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ជំនាញ​របស់​ក្រសួង ទៅលើ​កិច្ចការ​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូនពរ លោក អែល​ដើរ បេន​យ៉ា​មីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធាន​តំបន់​អាស៊ី​នៃ​សាសនា​ចក្រ ដែល​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​ក​ការងារ​នៅ​កម្ពុជា បន្ត​ទទួល​បាន​ជោគជ័យ ក្នុង​បេសកកម្ម​នានា​នៅ​ពេល​ខាង​មុខ​បន្តទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *