​អភិបាលខេត្ត​បាត់ដំបង បន្ត​ណែនាំ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​ប្រមូលផ្តុំ និង​ទីតាំង​សង្យ័យ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា (Scam Online)

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​បន្ត​ណែនាំ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​ប្រមូលផ្តុំ ជាពិសេស​ផ្ទះសំណាក់​សណ្ឋាគារ និង​ទីតាំង​សង្យ័យ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​បទល្មើស​ឆបោក តាម​បច្ចេកវិទ្យា (Scam Online) ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំប​ង ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៦​។​

​ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​អនុប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម សាលាដំបូង​ខេត្ត លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ លោក លោកស្រី អភិបាលក្រុង​-​ស្រុក​ទាំង​១៤ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។​

​បន្ទាប់​ពី​ស្តាប់​របាយការណ៍​លោក ធូ ភា អភិបាលរង​ខេត្ត​រួចមក ឯកឧត្តម សុខ លូ បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន និង​បទល្មើស​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។​

​ក្នុងនោះ​ដោយសារ​រដូវវស្សា​ខិតជិត​ចូលមក​ដល់ លោក​អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​កងកម្លាំង​ត្រូវ​ពង្រឹង​បង្ក្រាប​ទប់ស្កាត់ បទល្មើស​នេសាទ​ខុសច្បាប់ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​។​

​ឯកឧត្តម​បាន​ណែនាំ​សមត្ថកិច្ច និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឱ្យ​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​ការ​ចរាចរណ៍​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស រថយន្ត​ដឹក​លើស​ចំណុះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ឯកឧត្តម​អភិបាលខេត្ត ក្រើនរំលឹក​ដល់​អាជ្ញាធរ និង​កងកម្លាំង​ត្រូវ​បន្ត​តាមដាន​ឱ្យបាន​ដិត ដល់​កុំឱ្យ​មាន​ករណី​ស្គែម​អន​ឡាញ​កើតឡើង នៅតាម​មូលដ្ឋាន​របស់​ខ្លួន​។​

​ឯកឧត្តម​ក៏​បាន​បន្ត​ណែនាំ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​ប្រមូលផ្តុំ ជាពិសេស​ផ្ទះសំណាក់ សណ្ឋាគារ និង​ទីតាំង​សង្យ័យ​ផ្សេងៗ ដើម្បី​សំដៅ​ដល់​ការ ទប់ស្កាត់​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា (Scam Online) ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

Leave a Reply

Your email address will not be published. Required fields are marked *