សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​មាន​ការប្តូរ​ផ្នត់គំនិត​ដែលថា ការបំពេញ​កាត្វកិច្ច​យោធា​ជា​បន្ទុក ប៉ុន្តែ​ត្រូវ​គិតថា នេះ​ជា​កិត្តិយស​សម្រាប់​ខ្លួនឯង និង​គ្រួសារ​, សម្តេច​ស្នើឱ្យ​មន្ត្រី និង​តំណាងរាស្ត្រ ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឱ្យ​មាន​ការប្តូរ​ផ្នត់គំនិត​ដែលថា ការបំពេញ​កាត្វកិច្ច​យោធា​ជា​បន្ទុក ប៉ុន្តែ​ត្រូវ​គិតថា នេះ​ជា​កិត្តិយស​សម្រាប់​ខ្លួនឯង និង​គ្រួសារ​។ ជាមួយគ្នានេះ សម្តេច​បាន​ស្នើ​ឱ្យ​មន្ត្រី និង​តំណាងរាស្ត្រ ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​។​

​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៧ លើ​របៀបវារៈ «​សេចក្តីព្រាងច្បាប់​ស្តីពី កាតព្វកិច្ច​យោធា​» នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​ធិបតី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សំណួរ​ដែល​យើង​បាន​សួរ ថា​អ្នក​ចូល​កាតព្វកិច្ច​នេះ ហាក់ដូចជា​បន្ទុក ត្រូវ​ធ្វើ​យ៉ាងម៉េច ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​។ ការចូល​កាតព្វកិច្ច គឺជា​មហា​កិត្តិយស ដែល​គ្រប់​គ្នា​ត្រូវ​ចង់​ធ្វើ​»​។​

​សម្តេច​បានឲ្យ​ដឹង​ដែរថា ច្បាប់​នេះ​មាន​គោលបំណង​ពង្រឹង​វិស័យ​ការពារជាតិ ការពារ​បូរណភាព​ទឹកដី បណ្តុះ​ស្មារតី​ស្នេហា​ជាតិ និង​អភិវឌ្ឍ​វិន័យ​ដល់​យុវជន​ខ្មែរ​។​

​រដ្ឋ​សភា​កម្ពុជា បានអនុម័ត​ជា​ផ្លូវការ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​សំឡេង​គាំទ្រ​ទាំងស្រុង​។ ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភេទ​ប្រុស ដែល​មាន​អាយុ​ពី ១៨ ទៅ ២៥​ឆ្នាំ បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល ២៤​ខែ ដែល​បាន​កែសម្រួល​ពី ១៨​ខែ នៃ​ច្បាប់​ចាស់​ឆ្នាំ​២០០៦ ខណៈ​ការចូលរួម​សម្រាប់​ស្ត្រី គឺ​ផ្អែក​លើ​ការស្ម័គ្រចិត្ត​។ អ្នក​ដែល​គេចវេស​ពី​កាតព្វកិច្ច​នេះ​អាច​ប្រឈមមុខ​នឹង​ទោស​ផាកពិន័យ និង​ការដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ៥​ឆ្នាំ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *