​ឯកឧត្ដម ឆាយ ឫទ្ធិ​សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចូល​និវត្តន៍​ឆ្នាំ ២០២៦ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ដែល​ចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពិធី​សំណេះសំណាល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​, ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និង​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្តន៍​សរុប​ចំនួន ៥៥​រូប​។​

​តាមរយៈ​របាយការណ៍​របស់ លោក ផល សុខ​សំណាង ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក បានបញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​មន្ត្រីរាជការ​មាន​ក្របខ័ណ្ឌ និង​មន្ត្រី​ដែល​ជាប់​កិច្ចសន្យា ទាំង​នៅ​ទីស្ដីការក្រសួង និង​នៅតាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធា​នី ខេត្ត សរុប​ចំនួន ១ ៥៧៣​នាក់​។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៦ មាន​មន្ត្រីរាជការ​ចូលនិវត្តន៍​មាន​ចំនួន ២៨​នាក់ ដោយ​ក្នុង​នោះ នៅ​ទីស្តីការក្រសួង​មាន​ចំនួន ១០​នាក់ និង​នៅតាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធា​នី ខេត្ត មាន​ចំនួន ១៨​នាក់​។​

​អញ្ជើញ​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នេះ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា​ស្រលាញ់​ជ្រាលជ្រៅ និង​ពរ​ជ័យ​សព្ទសាធុការ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រីរាជការ​ដែល​ចូល​និវត្ត ទាំងអស់​ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​គូស​រំលេច​អំពី​វីរភាព​គំរូ​និង​ការលះបង់ ដោយ​ការ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន បិតា​សន្តិភាព​នៃ​កម្ពុជា អតីត​នាយករដ្ឋមន្ដ្រី និង​វីរជន​សេ្ន​ហា​ជាតិ​ជា​ច្រើន​រូប​ទៀត​ក្នុងការ​រំដោះ​ប្រទេស​ជាតិ​ចេញពី​ភ្នក់ភ្លើង​នៃ​សង្គ្រាម​ស៊ីវិល ព្រមទាំង​ការពារ​បូរណភាព​ទឹកដី និង​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស​។ ក្រោម​ការដឹកនាំ​បន្តវេន​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​និង​កំពុង​បន្ដ​ថែរក្សា​សន្តិភាព និង​បន្ត​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង​បន្ថែមទៀតថា សមិទ្ធិផល​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​សមិទ្ធផលរ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នា​ពេលកន្លងមក កើតចេញ​ពី​កា​រួម​ចំណែក​របស់​បងប្អូន​មន្ដ្រីរាជការ​ដែល​ចូលនិវត្តន៍​នាពេលនេះ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ប្រាជ្ញា និង​ស្មារតី ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ជា​ពិសេស​ការអភិវឌ្ឍ​តំបន់​ជនបទ​នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​ការ​រី​ចម្រើន​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បន្ត​លើកឡើង​ទៀតថា ការជួបជុំ​គ្នា​នា​ពេល​នេះ ក៏​ជា​ការបង្ហាញ​អំពី​ការដឹងគុណ និង​យកចិត្តទុកដាក់​របស់​ក្រសួង​ចំពោះ​និវត្តជន​គ្រប់រូប​ដែល​បាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​ផងដែរ​។​

​ជា​ការឆ្លើយតប លោក សុខ គន្ធា អតីត​អនុប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​មានមតិ​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តរ​ដ្ឋ​មន្ដ្រី ព្រមទាំង​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ស្មោះត្រង់​និង​អស់ពី​កម្លាំងកាយ​ចិត្ត នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។ ជា​កិច្ចបញ្ចប់​នៃ​ពិធី​សំណេះសំណាល ឯកឧត្ដម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​រដ្ឋបាល និង​វត្ថុ​អនុស្សាវរីយ៍ ព្រម​ទាំង​ថវិកា​ដ៏​ថ្លៃថ្លា របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ជូន​ដល់​និវត្តជន​ទាំងអស់ ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត​៕

Leave a Reply

Your email address will not be published. Required fields are marked *