(ស្ទឹងត្រែង)៖ មន្ត្រីមន្ទីរបរិស្ថាន និងមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង មានការចូលរួមពីកម្លាំងប្រដាប់អាវុធផងដែរ បានចុះទៅបំផ្លាញកន្លែងរករ៉ែមាសមួយកន្លែងស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថា មានជនជាតិវៀតណាមច្រើននាក់ ទៅសម្ងំរករ៉ែមាសនៅទីនេះ។
ប្រភពបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង បានរាយការណ៍ថា មានជនជាតិវៀតណាម ជាច្រើននាក់ ធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅចំណុចភ្នំតូច។ បន្ទាប់ពីទទួលបានព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីចំនួន៣នាក់ សហការជាមួយមន្ត្រី នៃមន្ទីររ៉ែ និងថាមពលខេត្តចំនួន២នាក់ កម្លាំងកងរាជអាវុធហត្ថស្រុកសៀមប៉ាងចំនួន២នាក់ កម្លាំងផ្នែកសឹរងស្រុកសៀមប៉ាង ចំនួន២នាក់ សហគមន៍តំបន់ការពារធម្មជាតិអូរចាយ និងអូកាពីនចំនួន៥នាក់ បានចុះទៅត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសធ្វើអាជីកម្មរ៉ែអនាធិបតេយ្យនោះ។
